គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សន្និសីទ និងការតាំងពិពរណ៍ទន្តសាស្ត្រកម្ពុជាលើកទី២២

កាលបរិច្ឆេទ: ១៣ មីនា ២០២៤ / សុខភាព / Author : Veng Thavong

ទន្តពេទ្យកម្ពុជា​ជាង​ ៩០០​ នាក់​មក​ពី​ទូទាំងប្រទេស​បាន​ចូលរួម​ក្នុង​សន្និសីទ និងការតាំងពិពរណ៍ទន្តសាស្ត្រកម្ពុជា​លើកទី២២ ក្រោមប្រធានបទ «ការអភិវឌ្ឍឥតឈប់ឈរនៃវិស័យទន្តសាស្ត្រជាសកល»  ចាប់​ពីថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី​៧ មីនា​ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​ និង​ដើម្បី​បណ្តុះបណ្តាល​បន្ត​ពី​ចំណេះ​ដឹង​ថ្មីៗ​ទៅ​តាម​ការ​វិវឌ្ឍន៍​រីក​ចម្រើន​នៃ​បច្ចេកវិទ្យានាពេល​បច្ចុប្បន្ន។​

សន្និសីទប្រចាំឆ្នាំមួយ​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​សមាគមទន្តពេទ្យកម្ពុជាគាំទ្រ​ដោយ​ក្រសួង​សុខាភិបាល​ និង​មាន​ការ​ចូលរួម​តាំង​ពិព័រណ៍ពីក្រុមហ៊ុន​ជាតិ​ និង​អន្តរ​ជាតិ​ដែល​ផ្គត់ផ្គង់​ឧបករណ៍ទន្តសាស្រ្ត និង​ថ្នាំ​ពេទ្យ​នៅ​ក្នុង​ប្រទេសប្រមាណ​ជា​​៣៩ ក្រុមហ៊ុន​ ដែល​មាន​ស្តង់​ពិព័រណ៍ចំនួន​ ៩២ ស្តង់ ដែល​ក្នុង​នោះក៏​មាន​ស្តង់​របស់​សហគ្រាស​ផលិត​ឱសថ​ ប៉េប៉េអឹម ​ផង​ដែរ​។​

លោក សឿង គឹមសាន្ត ប្រធាន​​សមាគមទន្តពេទ្យកម្ពុជាបានថ្លែងថា សន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រ​ប្រចាំឆ្នាំលើកទី២២ ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗ ទាំងជាតិ និងអន្តរជាតិ, សិក្ខាកាមជាតិ និងអន្តរជាតិ ដែល​ក្នុង​នោះ​មាន​តំណាងក្រសួងសុខាភិបាល ជាគណៈអធិបតីតំណាងការិយាល័យសុខភាព មាត់ធ្មេញ គណៈទន្តពេទ្យកម្ពុជា ថ្នាក់ដឹកនាំមហាវិទ្យាល័យទន្តសាស្ត្រទាំងអស់ ទាំងនេះសបញ្ជាក់ឲ្យឃើញពី ការគាំទ្រពីសំណាកំរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យទន្តសាស្ត្រនៃកម្ពុជា ដែលកំពុងធ្វើដំណើរអភិវឌ្ឍន៍ ទៅមុខជាលំដាប់គួរជាទីកត់សម្គាល់។

លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សមាគមទន្តពេទ្យកម្ពុជា មានការសាមគ្គី សហការគ្នាល្អ និងបានអនុវត្តត្រឹមត្រូវនូវការជួយអប់រំ បណ្តុះបណ្តាលចំណេះដឹងបន្ត ឲ្យមាននិរន្តរភាពជារៀងរាល់ឆ្នាំដល់ ទន្តបណ្ឌិត ទន្តពេទ្យនៅកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបន្ដថា សុខភាពមាត់ធ្មេញ ជាចំណែកមួយដ៏មានសារៈសំខាន់ នៃសុខភាពទូទៅរបស់មនុស្សគ្រប់រូប សុខភាពមាត់ធ្មេញល្អ បង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមបានលូតលាស់ល្អប្រសើរ ហើយអាចចូលរួម ក្នុងការអភិវឌ្ឍប្រទេសជាតិ ផ្ទុយទៅវិញបើសុខភាពមាត់ធ្មេញមិនល្អ នាំឲ្យខាតបង់ពេលវេលា ប្រាក់កាស ទ្រព្យធន និងផលប្រយោជន៍ជាច្រើនទៀត។

លោក​ស្រី​ សូរ​ សោភា​ តំណាង​ឲ្យ​ផ្នែកលក់​​ នៃ​សហគ្រា​សផលិត​ឱសថ​ប៉េប៉េអឹម ដែល​មាន​វត្តមាន​ពីរ​ថ្ងៃ​ក្នុង​សន្និសីទនេះ បាន​បញ្ជាក់​ថា សហគ្រាស​ប៉េប៉េអឹម​បាន​ផ្តល់​ជា​ឃីត​ផលិត​ផល ​ថ្នាំ​ខ្ពុលមាត់​ សិប​ទីល គីណាល់​អ៊ីបុយ និង​ផលិត​ផល​មួយ​ចំនួន​ផ្សេង​ទៀត​ចំនួន​ ៨០០​ ថង់ ដល់​សិក្ខាកាម​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំមួយនេះ។ ជា​មួយ​គ្នា​នេះដែរ​លោក​ស្រី​ក៏​បាន​បញ្ជាក់ដែរថា នៅ​ពេល​សម្រាក​ និង​ចប់កម្មវិធី​ ស្តង់​ពិព័រណ៍​របស់​ប៉េប៉េអឹម​ទទួល​បាន​ការ​ទាក់​ទាញ​ខ្លាំង​ពីគ្រូពេទ្យ​ទន្តសាស្រ្ត ហើយ​ផលិតទឹក​ខ្ពុល​មាត់ ​សិប​ទីល​របស់​ប៉េប៉េអឹមមាន​ការ​គាំទ្រច្រើន​ពីក្រុម​គ្រូពេទ្យ​ធ្មេញ​ដោយ​សារ​ពួក​គាត់​ទទួលស្គាល់​ពី​គុណ​ភាព​ និង​គុណ​ប្រយោជន៍របស់​ផលិត​ផលមួយ​នេះ៕